ទើបសម្រាល! គួរបំបៅដោះដូចម្តេចទើបត្រឹមត្រូវតាមលក្ខណៈពេទ្យ?
ការបំបៅកូនមានភាពខុសៗគ្នា ពេលខ្លះទារកមួយចំនួនធំអាចបឺតជញ្ជក់ដោះម្តាយបានដោយខ្លួនឯង ។ ការបឺតជញ្ជក់ដោះម្តាយជំរុញអោយក្រពេញដោះឆាប់បញ្ចេញទឹកដោះ។
ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលេងទ្រូងម្តាយដោយស្បែកប៉ះស្បែករួចសាកល្បងអោយជញ្ជក់ម្តងទៀត។ មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។ ការដាក់អោយកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកំរើក) ។
ខាងក្រោមនេះជាចំណុចដែលអ្នកម៉ាក់ទើបតែសម្រាល និងបំបៅកូនដោយទឹកដោះ៖
១. សញ្ញាដែលបញ្ជាក់ថាកូនឃ្លាន
- ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
- កំរើកដៃជើង ជញ្ជក់ដៃ
- ជញ្ជក់មាត់
លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំអោយពិបាកក្នុងការបំបៅឡើយ។
២. ការបំបៅកូនដោយត្រឹមត្រូវ
- មាត់កូនហាធំ ថ្ពាល់កូនប៉ោង
- ចង្ការកូនប៉ះទ្រូងម្តាយ
- បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
- សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
- ដងខ្លួនកូនដាក់អោយត្រង់ ហើយផ្អៀងមកលើពោះម្តាយ
៣. ចំណុចគួរចងចាំ
- ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
- សូមលោកអ្នកកុំបារម្ភចំពោះការថយទំងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សំរបខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទំងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ ឬទី៥
- ស្ត្រីគួរគប្បីដាក់កូនបៅអោយអស់ដោះ១ចំហៀង ចាំដាក់អោយបៅមួយចំហៀងទៀត
- ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្ការកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។
ទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមឲ្យមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្តាយបន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក។
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ