ពពោះចំខែក្តៅ! ស្ត្រីពពោះគួរចេះតិចនិកទាំងនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ
សម្រាប់គ្នាយើងទូទៅ ខែក្តៅគឺគួរឲ្យធុញទ្រាន់ណាស់ កុំថាឡើងស្រីៗកំពុងពពោះ មិនដឹងពិបាកខ្លាំងប៉ុណ្ណានោះទេ។ ជាប្តីល្អ អំឡុងពេលនេះ ត្រូវមើលថែប្រពន្ធឲ្យដិតដល់ផង ហើយស្រីៗគ្នាយើងក៏ដូចគ្នា ថែខ្លួនបានល្អ ទើបម៉ាក់ៗ និងបេប៊ី សុខភាពល្អទៅតាមនឹងដែរ។
តើស្ត្រីពពោះក្នុងខែក្តៅនេះគួរថែរក្សារសុខភាពបែបណាខ្លះ?
អត្ថបទនេះយើងចង់ណែនាំស្ត្រីពពោះគ្នាយើងខ្លះៗអំឡុងពេលរដូវក្តៅបែបនេះ៖

១. ទំនាក់ទំនងរដូវក្តៅ និងការពពោះ
ស្រីៗភាគច្រើន តែងមានការឡើងកម្តៅរាងកាយអំឡុងពេលពពោះ នាំឲ្យអំឡុងខែក្តៅចូលមកដល់ នឹងធ្វើឲ្យអារម្មណ៍យើងកាន់តែមិនល្អខ្លាំងឡើងអំឡុងពេលនេះ។
កត្តានេះ គ្នាយើងត្រូវប្រុងប្រយ័ត្នឲ្យបានច្រើន ពិសេសចៀសវាងទៅកន្លែងណាមានអាកាសធាតុក្តៅខ្លាំង អាចធ្វើឲ្យអារម្មណ៍យើងមិនល្អ ប៉ះពាល់សុខភាពច្រើនជាមនុស្សធម្មតា។
ការសិក្សាជាច្រើនរកឃើញថា នៅសប្តាហ៍ ១២ នៃការពពោះ ការអភិវឌ្ឍន៍របស់បេប៊ី អាចនឹងទទួលផលអវិជ្ជមាននៅពេលម៉ាក់ៗរងរលកកម្តៅខ្លាំង ព្រោះនៅពេលរាងកាយយើងប៉ះពាល់កម្តៅខ្លាំង សរសៃឈាមនឹងរួមតូច ដើម្បីជួយរាងកាយចុះត្រជាក់ ប្រតិកម្មនេះ នឹងប៉ះពាល់ដល់ការបញ្ជូនឈាម និងសារធាតុចិញ្ចឹមទៅដល់គភ៌ក្នុងផ្ទៃបាន។ អ្វីសំខាន់បំផុតស្រីៗគ្នាយើងត្រូវធ្វើ គឺរក្សាកម្តៅក្នុងរាងកាយអំឡុងពេលនេះឲ្យបានត្រឹមត្រូវ។
២. តិចនិករក្សាកម្តៅក្នុងរាងកាយសម្រាប់ស្រីៗពពោះ
ស្រីៗពពោះទាំងអស់ត្រូវចាំថា បើរាងកាយយើងឡើងកម្តៅខ្លាំង គភ៌ក្នុងផ្ទៃក៏កើនកម្តៅដូចគ្នា និងអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់របស់បេប៊ីបាន ហេតុនេះគួរអនុវត្តតាមតិចនិកខាងក្រោម៖
- សម្រាក ឬគេងឲ្យបានគ្រប់គ្រាន់ ក្នុងបន្ទប់មិនមានពន្លឺរំខាន និងសីតុណ្ហភាពត្រជាក់ល្មម។
- អាចទិញផលិតផលមានភាពត្រជាក់មកលាបជើង ឬអាចព្យាយាមអង្គុយមុខកង្ហារ ឬក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ឲ្យបានច្រើន។
- ឧស្សាហ៍លាងមុខនឹងទឹកត្រជាក់ ឬប្រើកន្សែងសើមរុំលើក្បាល ឬក ដើម្បីបញ្ចុះកម្តៅរាងកាយ ឬអាចត្រាំជើងក្នុងទឹកត្រជាក់ ក៏ជាវិធីបញ្ចុះកម្តៅល្អសម្រាប់ស្រីៗកំពុងពពោះ។
- បើងូតទឹកនៅពេលថ្ងៃ អាចមានកម្តៅខ្លាំងបន្តិច ងាកមករកងូតទឹកពេលយប់វិញ អាចធ្វើឲ្យយើងមានអារម្មណ៍ល្អ ថែមទាំងជួយគេងលក់ស្រួលទៀតផង។
- ត្រូវគេចចេញពីម៉ោងណាមានអាកាសធាតុក្តៅបំផុត ពិសេសនៅចន្លោះពេលថ្ងៃត្រង់ និងរសៀល។ កុំចេញទៅផ្សារ ឬទៅណាអំឡុងពេលនេះអី។

៣. អាហារល្អៗសម្រាប់ស្រីៗពពោះអំឡុងខែក្តៅ
- ឧស្សាហ៍ញ៉ាំទឹកឲ្យបានច្រើនពេញមួយថ្ងៃ ដើម្បីការពារបាត់បង់ជាតិទឹកក្នុងខ្លួន ព្រោះអំឡុងពេលពពោះ រាងកាយយើងត្រូវការជាតិទឹកច្រើនខុសពេលធម្មតា ពិសេសអំឡុងខែក្តៅតែម្តង។ កុំរង់ចាំស្រេកទឹកបានទៅផឹកឲ្យសោះ ព្រោះងាយប្រឈមខ្វះជាតិទឹកពេលពពោះ។
- ទៅណាមកណា ត្រូវមានដបទឹកតាមខ្លួនជាប់ជានិច្ច។
- ជ្រើសរើសអាហារសម្បូរជាតិទឹក និងមានគុណប្រយោជន៍ច្រើនចំពោះសុខភាព ពិសេសបន្លែ ផ្លែឈើ អាចញ៉ាំអាហារដូចជាញាំបន្លែ ប៉ុន្តែកុំញ៉ាំញាំបន្លែគេលាយស្រាប់ឲ្យសោះ។
- កំណត់បរិមាណអាហារប្រៃ ឬជាតិកាហ្វេអ៊ីន ហើយមិនត្រូវផឹកជាតិអាល់កុលដាច់ខាត។ បើទោះជាផឹកបន្តិចបន្តួចក្តី ជាតិអាល់កុល នៅតែអាចជ្រាបចូលចរន្តឈាមយើង ប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ក្នុងផ្ទៃ ពិសេសផ្នែកខួរក្បាលតែម្តង។
- កុំញ៉ាំការ៉េម ឬអាហារដែលមើលទៅគ្មានអនាម័យ ព្រោះពពួកអាហារទាំងនេះ អាចមានតោងជាប់ដោយពពួកបាក់តេរី Salmonella ដែលជាបាក់តេរីអាចលូតលាស់បានយ៉ាងឆាប់រហ័សនៅក្នុងសីតុណ្ហភាពក្តៅ ពិសេសបើឧបរណ៍ប្រើសម្រាប់អាហារទាំងនោះ មិនស្អាតល្អ។
- ការរ៉េមធ្វើដោយខ្លួនឯង លាយជាមួយស៊ុតឆៅ ក៏មិនត្រូវញ៉ាំដែរ ការ៉េមសុវត្ថិភាព អាចទិញបានតាមផ្សារទំនើប។
ដកស្រង់ពី៖ Hello Health Group