គន្លឹះខ្លះៗសម្រាប់ស្រីៗមានផ្ទៃពោះ ហើយត្រូវអង្គុយធ្វើការពេញ១ថ្ងៃ
ស្រីៗពេលមានផ្ទៃពោះ ហើយត្រូវធ្វើការពេញ១ថ្ងៃទៀត ប្រាកដជានឿយហត់ខ្លាំង ស្រួលមិនស្រួលអាចប៉ះពាល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។
តើមានគន្លឹះអ្វីខ្លះដែលស្ត្រីពពោះគួរអនុវត្តន៍?
ដើម្បីជាគន្លឹះខ្លះៗសម្រាប់ស្រីៗគ្នាយើងដែលកំពុងមានផ្ទៃពោះ ហើយត្រូវធ្វើការទៀតនោះយើងនឹងបង្ហាញនូវដំណោះស្រាយមួយចំនួនខាងក្រោមនេះ៖
១. ញ៉ាំអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន
កាលណាមានផ្ទៃពោះ អ័រម៉ូនប្រែប្រួល ធ្វើឲ្យសុខភាពចុះខ្សោយ ឧស្សាហ៍អស់កម្លាំង និងស្លេកស្លាំង។ មានតែរបបអាហារប៉ុណ្ណោះដែលអាចជួយបំប៉នស្រ្តីមានផ្ទៃពោះ និងកូនផ្ទៃ ដូចនេះស្រីៗមានផ្ទៃពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិ ពិសេសអាហារសម្បូរជាតិដែក និងប្រូតេអ៊ីន ទើបមានកម្លាំង អាចធ្វើការងារបានធម្មតា។
២. សម្រាកខ្លីៗឲ្យបានញឹកញាប់
ស្រីៗត្រូវចាំថា ពេលមានផ្ទៃពោះយើងមិនមែនមានខ្លួនមួយដូចមុនទេ ថាមពលក៏ចុះខ្សោយ ត្រូវការពេលសម្រាកច្រើន។ ចំពោះម៉ាក់ៗដែលធ្វើការនៅក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ ប្រហែលជាមិនមានពេលវេលាសម្រាកច្រើននោះទេ តែយើងអាចឆ្លៀតសម្រាករយៈពេលខ្លីៗ (៤-៥នាទី) ដើរចុះដើរឡើង ពត់ខ្លួនប្រាណ សណ្តូកជើងឲ្យត្រង់ ឲ្យបានញឹកញាប់ ធ្វើបែបនេះទើបមានថាមពលធ្វើការពេញមួយថ្ងៃ។
៣. ញ៉ាំទឹកឲ្យបានច្រើន
ទឹកសំខាន់ណាស់ចំពោះសុខភាពយើង ដូចគ្នានេះដែរស្រីៗមានផ្ទៃពោះត្រូវញ៉ាំទឹកឲ្យបានច្រើន ទើបមានសុខភាពល្អ មិនខ្វះជាតិទឹក។
៤. ដាក់អាហារសម្រន់តាមខ្លួន
ស្រីៗមានផ្ទៃពោះឃ្លានគ្រប់ពេល អ៊ីចឹងយើងត្រូវមានចំណីចំណុកដាក់តាមខ្លួន ដូចជានំ ផ្លែឈើ បង្ការការហេវខ្លាំង មិនអាចចេញទៅញ៉ាំអីនៅក្រៅបាន ពេលកំពុងធ្វើការ។
៥. គេងឲ្យបានគ្រប់គ្រាន់
ទោះជាពេលមានផ្ទៃពោះ ស្រីៗគ្នាយើងពិបាកគេងក៏ដោយ ត្រូវតែគេងឲ្យបានគ្រប់គ្រាន់ នោះទើបមិនប៉ះពាល់ដល់សុខភាព និងកូនផ្ទៃ អាចបំពេញការងារបានធម្មតា។ ចំពោះតិចនិកជួយឲ្យស្រីៗពពោះគេងលក់បានស្រួល ត្រូវគេងផ្អៀងទៅខាងឆ្វេង ហើយមានខ្នើយកល់ពោះ ឬខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះកាន់តែល្អ។
ដកស្រង់ពី៖ Hello Health Group