ពពោះមានសញ្ញាបែបនេះ! កូនក្នុងផ្ទៃមានសុខភាពមិនល្អនោះទេ
ជឿថា ម៉ាក់ប៉ាគ្រប់រូប ចង់ឲ្យកូនកើតមកដោយសុខភាពល្អ មិននាំជំងឺមកជាមួយ ប៉ុន្តែម៉ាក់ៗមួយចំនួនមិនបានយល់ច្បាស់ពីសញ្ញាផ្សេងៗដែលកើតឡើងអំឡុងពេលពពោះ ជាហេតុអាចបណ្ដាលឲ្យមានរឿងមិនល្អកើតឡើង។
តើអាចមានសញ្ញាបែបណាខ្លះ ធ្វើឪ្យកូនក្នុងផ្ទៃសុខភាពមិនល្អ?
ភាគច្រើន ឲ្យតែទទួលបានដំណឹងថា ម៉ាក់ៗមានផ្ទៃពោះ តែងតែមានអារម្មណ៍សប្បាយរីករាយណាស់ ជាពិសេសនៅពេលកូនក្នុងផ្ទៃកម្រើក ដូចមានកម្លាំងកំហែង ចង់ចេញមកក្រៅឆាប់ៗ។
ទន្ទឹមនឹងភាពរីករាយ ម៉ាក់ៗត្រូវចេះប្រយ័ត្ន និងតាមដានចលនារបស់កូនដោយខ្លួនឯងផ្ទាល់ ព្រោះក្រៅពីពិនិត្យជាមួយគ្រូពេទ្យ ការតាមដានចលនាអាអូនក្នុងផ្ទៃ ដោយខ្លួនឯងផ្ទាល់ក៏អាចបញ្ជាក់ឲ្យដឹងពីសុខភាពកូនបានដែរ។
ម៉ាក់ៗត្រូវតែយកចិត្តទុកដាក់ មិនគួរមើលរំលងពេលមានសញ្ញាខុសប្រក្រតីដូចជា ៖
- ចុកពោះខ្លាំងផ្នែកខាងក្រោម
- មានធ្លាក់ឈាមពីទ្វារមាសម៉ាក់ៗ
- ស្បូនកន្ត្រាក់ខ្លាំង
- អាអូនមានចលនាតិច ឬគ្មានសោះ
- សុដន់លែងតឹងរឹង
- ទារកមិនកម្រើកចលនាធាក់ខ្លួននៅអាយុ ២២ សប្ដាហ៍។
ម៉ាក់ៗត្រូវសង្កេតដោយអារម្មណ៍ខ្លួនឯងថាតើ អំឡុងពេលពពោះ យើងមានជួបសញ្ញារៀបរាប់ខាងលើនេះទេ ព្រោះសញ្ញាទាំងប៉ុន្មាននេះ ជាសញ្ញាបញ្ជាក់ថា អាអូនក្នុងផ្ទៃមានសុខភាពមិនល្អឡើយ ដូចនេះ ម៉ាក់ៗត្រូវតែទៅពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញភ្លាម។
ជាមធ្យម ទារកតែងតែមានចលនា ទាំងព្រឹក ថ្ងៃ និងពេលយប់ ហើយធាក់ ២-៤ដង/៣០នាទី។ បើ៣០នាទីម្ដង មិនមានចលនាទេ ម៉ាក់ៗត្រូវតែសម្រាកបន្តិចរួចតាមដានយ៉ាងតិច៣ដង/ថ្ងៃ រយៈពេលពី២-៤ម៉ោង។ ប៉ុន្តែ បើក្នុងរយៈពេល៤ម៉ោង អាអូនមិនប្រធាក់សោះ ដូចនេះម៉ាក់ៗ ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ ឬតាមដានចង្វាក់បេះដូងកូនថាតើអាអូនមានសភាពខ្សោយ ឬទេ។
ដកស្រង់ពី៖ Hello Health Group