ពពោះដំបូងៗត្រូវប្រយ័ត្ន! បើមានសញ្ញាទាំងនេះ អាចកូនក្រៅស្បូនដ៏គ្រោះថ្នាក់
កូនក្រៅស្បូន គឺជាការតាំងទី និងការលូតលាស់របស់គភ៌នៅកន្លែងផ្សេងក្រៅពីស្បូន ដូចជា នៅដៃស្បូន កន្សោមកូន ប្រហោងពោះ មាត់ស្បូន តំណរវាងតួស្បូន និងដៃស្បូន។
ក្រៅពីការពិនិត្យអេកូ យើងអាចដឹងថា មានកូនក្រៅស្បូនតាមរយៈរោគសញ្ញាមួយចំនួនដូចជា៖
១. សញ្ញាកូនក្រៅស្បូន
ភាគច្រើនកូនក្រៅស្បូន កើតឡើងនៅក្នុងដៃស្បូន នៅពេលគភ៌បង្កកំណើតនៅប៉ុន្មានសប្តាហ៍ដំបូង ដោយមានរោគសញ្ញាសម្គាល់ជាច្រើនដូចជា៖
- ឈឺចាប់នៅអាងត្រគាក
- ចុកពោះ
- ស្លេកស្លាំង
- អស់កម្លាំង
- វិលមុខ
- ធ្លាក់ឈាមតាមទ្វារមាសតិច ឬច្រើន។
២. មូលហេតុជំរុញឲ្យមានកូនក្រៅស្បូន
បើតាមការបកស្រាយនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត មានមូលហេតុជាច្រើនធ្វើឲ្យស្ត្រីប្រឈមនឹងការមានកូនក្រៅស្បូនដូចជា៖
- ធ្លាក់សរ៉ាំរ៉ៃ
- មានជំងឺរលាកដៃស្បូន
- មានជំងឺកាមរោគ
- ធ្លាប់វះកាត់ដៃស្បូន
- មានដុំដៃស្បូន
- ជក់បារីច្រើន
- មានដៃគូរួមភេទច្រើន។
៣. កូនក្រៅស្បូនគ្រោះថ្នាក់អ្វីខ្លះ?ឮ
កូនក្រៅស្បូនមិនត្រឹមតែបង្កឲ្យមានការឈឺចាប់នោះទេ ថែមទាំងគ្រោះថ្នាក់ដល់ជីវិតទៀតប្រសិនមានការបែកធ្លាយ និងហូរឈាមច្រើន ហើយទៅពេទ្យមិនទាន់ពេល។ ចំពោះការព្យាបាលវិញ អាស្រ័យទៅលើអាយុគភ៌ បើកូននៅតូច ហើយម៉ាក់ៗមកពេទ្យទាន់ពេល គ្រូពេទ្យអាចប្រើថ្នាំ ចំពោះវិធីវះកាត់មាន២របៀប គឺការវះកាត់ដោយប្រើឧបករណ៍ចោះ និងការវះកាត់ដោយបើកពោះ នេះចំពោះម្តាយមានអាការៈធ្ងន់ធ្ងរ ហើយមកពេទ្យយឺតយ៉ាវ។
ដកស្រង់ពី៖ Hello Health Group