ពិសេសណាស់! អាហារទាំង ៦ម៉ាក់ៗពពោះមិនត្រូវរំលងពេលចូល ខែទី៩
ឈានចូលខែទី៩ គឺជាពេលដែលរំភើប និងត្រេកអរសម្រាប់ប៉ាម៉ាក់ ព្រោះជិតបានឃើញមុខកូនហើយ។ វាក៏ជាដំណាក់កាលដែលអ្នកម៉ាក់ត្រូវប្រុងប្រយ័ត្នខ្ពស់ផងដែរ ទាំងសកម្មភាពប្រចាំថ្ងៃ ទាំងអារម្មណ៍ និងទៅលើរបបអាហារ ដើម្បីជំនួយដល់សុខភាព និងកម្លាំងសម្រាប់ត្រៀមពេលសម្រាល។
ខាងក្រោមនេះគឺជារបបអាហារទាំង៦ ដែលអ្នកម៉ាក់គួរទទួលទានឱ្យបានច្រើន នៅខែទី៩នៃការពពោះ៖
១. អាហារដែលសម្បូរកាល់ស្យូម
កាល់ស្យូម គឺចាំបាច់ក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ព្រោះទារកក្នុងផ្ទៃត្រូវការសម្រាប់ការលូតលាស់ឆ្អឹងរឹងមាំ។ អាហារសម្បូរជាតិកាល់ស្យូមមានដូចជា ឈីស ទឹកដោះគោជូរ សណ្តែកដី អាល់ម៉ុន និងបន្លែស្លឹកបៃតងជាដើម ។
២. អាហារមានជាតិសរសៃ
ជាតិសរសៃសំខាន់ណាស់សម្រាប់ស្ត្រី និងទារកក្នុងអំឡុងពេលមានផ្ទៃពោះ។ អាហារដែលសម្បូរជាតិសរសៃមានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ នំប៉័ង ជាដើម។
៣. អាហារសម្បូរជាតិដែក
កង្វះជាតិដែកគឺជាបញ្ហាចម្បងដែលស្ត្រីពពោះ ប្រឈមមុខក្នុងត្រីមាសទីបី។ ទោះបីជាអ្នកលេបថ្នាំគ្រាប់ជាតិដែកក៏ដោយ ក៏គួរតែទទួលទានបន្ថែមឱ្យបានគ្រប់គ្រាន់ ដែលវាសម្បូរនៅក្នុង ស៊ុត សាច់មាន់ ប្រូខូលី ត្រី និងសណ្តែកជាដើម។
៤. អាហារដែលមានវីតាមីន C
វីតាមីន C សំខាន់ណាស់សម្រាប់ស្ត្រីពពោះ និងការលូតលាស់របស់កូនក្នុងផ្ទៃ។ ក្នុងខែទី៩ ក៏ទាមទារឱ្យអ្នកម៉ាក់ទទួលវីតាមីន C ឱ្យគ្រាប់គ្រាន់ផងដែរ។ ប៉េងប៉ោះ ផ្កាខាត់ណា ស្ត្របឺរី ប្រូខូលី ម្ទេសប្លោក និងក្រូច មិនត្រឹមតែមានវីតាមីន C ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ស្បែកផងដែរ។
៥. អាហារសម្បូរអាស៊ីតហ្វូលិក
អាស៊ីតហ្វូលិកសំខាន់ណាស់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ជាពិសេសឆ្អឹងខ្នង។ ប្រសិនបើអ្នកមិនទទួលទានអាហារបំប៉នអាស៊ីតហ្វូលិកទេ សូមបន្ថែមអាហារដូចជាសណ្តែក បន្លែស្លឹកបៃតង និងសណ្តែកសៀង។
៦. អាហារដែលមានវីតាមីន A
វីតាមីន A គឺចាំបាច់សម្រាប់ភ្នែករបស់ទារក និងជួយដល់សុខភាពភ្នែករបស់អ្នកម្តាយផងដែរ។ អាហារដូចជា ដំឡូងជ្វា ការ៉ុត និងស្ពៃស្ពីណាច សម្បូរទៅដោយវីតាមីន A ដែលអ្នកម៉ាក់គួរទទួលទាន។
ជារួមមកវិញ អ្នកម៉ាក់គួរទទួលទានអាហារទាំង៦ប្រភេទនេះឱ្យបានគ្រប់គ្រាន់ នៅក្នុងអំឡុងពេលពពោះ ជាពិសេសក្នុងខែទី៩ ដើម្បីជំនួយដល់សុខភាព និងត្រៀមសម្រាល ពិសេសត្រូវមើលថែខ្លួនឱ្យបានល្អ៕
ដកស្រង់ពី៖ Firstcry Parenting